សុខភាពស្ដ្រី

​មក​រដូវ​ម្តងៗ ឈឺ​ចង់​ស្លាប់ តាមពិត​មកពី​ហេតុផល​អញ្ចឹង​សោះ​!

​ការឈឺចាប់​ក្នុង​ពេល​មក​រដូវ គឺជា​ហេតុផល​ធម្មជាតិ​មួយ​ដែល​កើតឡើង​លើ​មនុស្ស​ស្រី​គ្រប់គ្នា​ទាំងអស់ ហើយ​វា​ក៏​ជា​អ្វី​ដែល​នាំ​ឲ្យ​ស្ត្រី​ជា​ច្រើន​តែង​តែ​រស់នៅ​មិន​សប្បាយចិត្ត និង​កើតទុក្ខ​ជា​រៀងរាល់​ខែ​ដែរ​។ ដូច្នេះហើយ វា​តែងតែ​មាន​សំណួរ​ដដែលៗ​ចេញ​ពី​ស្ត្រី​គ្រប់​គ្នា​ថា ហេតុអ្វី​បាន​ជា​ការ​មក​រដូវរ​បស់​ខ្ញុំ​មាន​ការឈឺចាប់​ខ្លាំង​បែបនេះ​? សម្រាប់​ចម្លើយ​វិញ​គឺ​អាច​នឹង​មាន​ការប្រែប្រួល​ច្រើន ប៉ុន្តែ​មាន​ហេតុផល​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​ធ្វើឲ្យ​ការឈឺចាប់​ក្នុងពេលមក​រដូវ​កើតមាន​ជា​ញឹកញាប់​។​

អតុល្យភាព​ជាតិ​រ៉ែ​ក្នុង​ខ្លួន​
ជាតិ​កាលស្យូម ម៉ាញ៉េ​ស្យូម និង​ប៉ូ​តា​ស្យូម មាន​នាទី​សម្របសម្រួល​ដល់​មុខងារ​សាច់ដុំ​ទាំងអស់​ក្នុង​រាងកាយ​។ ប៉ុន្តែ​កាលណា​ជាតិ​រ៉ែ​ទាំងនេះ​មិន​មាន​តុល្យភាព​ហើយ វា​ពិតជា​អាច​បណ្តាល​ឲ្យ​សាច់ដុំ​ធ្វើការ​ខុសធម្មតា ឬ​រឹង​ជាប់ ដែល​ជាហេតុ​នាំ​ឲ្យ​ឈឺចាប់​ខ្លាំង​។

​ជញ្ជាំង​របស់​ស្បូន​គឺជា​សាច់ដុំ ដែល​វា​នឹង​កន្ត្រាក់​ដើម្បី​បញ្ចេញ​សារធាតុ​ទាំងអស់​ក្នុង​ស្បូន​ចេញ​មក​ខាងក្រៅ​ជា​រៀងរាល់​ខែ នោះ​គឺ​ពេល​ដែល​មក​រដូវ​តែម្តង​។ បើសិនជា​តុល្យភាព​របស់​កាលស្យូម ម៉ាញ៉េ​ស្យូម និង​ប៉ូ​តា​ស្យូម​មិន​កើត​មាន​ទេ ការ​មក​រដូវ​នឹង​មាន​ការឈឺចាប់​កាន់តែខ្លាំង ដោយសារ​តែ​សាច់ដុំ​នៅ​ជញ្ជាំង​ស្បូន​រឹង​ជាប់​។

រលាក​ពោះវៀន​
ពោះវៀនធំ​ស្ថិតនៅ​ខាងស្តាំ​ង​និង​ខាងក្រោយ​ស្បូន​។ បើសិនជា​ពោះវៀន​នេះ​រង​ការ​រលាក ហើយ​ស្បូន​ត្រូវការ​កន្ត្រាក់​ក្នុង​ពេល​មក​រដូវ​ទៀត ពោះវៀន​ដែល​រលាក​នោះ​នឹង​បង្ក​ការ​រលាក​កាន់តែខ្លាំង និង​ធ្វើ​ឲ្យ​ឈឺចាប់​កាន់តែ​ខ្លាំង​ដែរ​។ ការ​មាន​ប្រតិកម្ម​នឹង​អាហារ​ដូចជា ទឹកដោះគោ​អាចធ្វើឲ្យ​ពោះវៀ​នរលា​កកាន់តែខ្លាំង​។ ដូច្នេះ​ចូរ​ចៀសវាង​អាហារ​ពេល​នេះ​ផង​ដើម្បី​កុំឲ្យ​ការឈឺចាប់​ខ្លាំង​ក្នុង​ពេល​មក​រដូវ​។​

អតុល្យភាព​អ័រម៉ូន​
អតុល្យភាព​រវាង​អ័រម៉ូន​អេ​ស្ត្រូ​ជែន និង​ប្រូជេ​ស្តេស​រ៉ូន អាច​បណ្តាល​ឲ្យ​មុខងា​ររបស់​សាច់ដុំ​ស្បូន​ធ្វើការ​មិន​បាន​ល្អ​ដែរ​។ កត្តា​ដែល​នាំឲ្យ​មាន​វិបត្តិ​បែប​នេះ​មាន​ដូចជា របប​អាហារ មុខងារ​របស់​ថ្លើម និង​ការ​កង្វះ​វីតាមីន ឬ​ជាតិ​រ៉ែ​ក្នុង​ខ្លួន​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

​ប្រភព​៖ curejoy

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី14  កុម្ភៈ ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play