សុខភាពស្ដ្រី

អាការៈ​ជំងឺ​មហារីកក្រពេ​ញ​អូ​វ៉ែ មាន​លក្ខណៈ​សម្គាល់​សំខាន់ៗ​ទាំងនេះ​!

​ជំងឺមហារីក​ក្រពេញ​អូវ៉ែ​មាន​ប្រហែល ៣​ភាគរយ​ប៉ុណ្ណោះ​ក្នុងចំណោម​ជំងឺមហារីក​ទាំងអស់​លើ​មនុស្ស​ស្រី ប៉ុន្តែ​វា​នៅតែ​ជា​មូលហេតុ​នាំ​ឲ្យ​ស្ត្រី​ស្លាប់​ដោយសារ​ជំងឺមហារីក​ចំណាត់ថ្នាក់​ទី​៥​ដដែល​ក្នុង​សហរដ្ឋអាមេរិក​។ ក្នុងចំណោម​ចំនួន​នៃ​ការស្លាប់​ដោយសារ​ជំងឺមហារីក​លើ​ប្រព័ន្ធ​ប្រដាប់​បន្ត​ពូជ​របស់​ស្ត្រី ជំងឺមហារីក​ក្រពេញ​អូវ៉ែ​គឺ​មាន​ស្ថិតិ​ខ្ពស់​ជាងគេ​បំផុត​។

​ថ្វី​បើ​ជំងឺ​នេះ​មិនសូវ​កើតមាន​ជា​ញឹក​ញ៉ាប់​ក៏ដោយ តែ​ចំនួន​នៃ​ការស្លាប់​ដោយសារ​ជំងឺ​នេះ​ច្រើន​បណ្តាលមកពី​មូលហេតុ​សំខាន់ៗ​ពីរ​យ៉ាង​គឺ កង្វះ​ការរកឃើញ​រោគសញ្ញា​ដំបូង​របស់​វា និង​ការធ្វើ​តេស្ត​រកឃើញ​ជំងឺ​នេះ​យ៉ាង​មាន​ប្រសិទ្ធភាព​។

មាន​ការសិក្សា​ជា​ច្រើន​និយាយា​ថា ជំងឺមហារីក​ក្រពេញ​អូវ៉ែ​គឺជា​ឃាតកឈាម​ត្រជាក់ ដោយសារ​តែ​វា​គ្មាន​រោគសញ្ញា​ដែល​អាច​រកឃើញ​ទាន់ពេលវេលា​។ យ៉ាងណាមិញ តាម​ការស្រាវជ្រាវ​បានឲ្យដឹង​ទៀត​ថា ជំងឺមហារីក​ក្រពេញ​អូវ៉ែ​អាច​រក​ឃើញ​ទាន់​ពេល​វេលា​។

អ្វី​ដែល​ធ្វើឲ្យ​រោគ​សញ្ញារ​បស់​វា​ពិបាក​សម្គាល់​ដឹង ដោយសារ​តែ​វា​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​អា​ការៈផ្សេងៗ​ទៀត​ដូចជា បញ្ហា​ក្រពះ​ពោះវៀន ការបង្ក​រោគ​នៅ​ប្លោកនោម និង​ការ​រលាក​ពោះវៀន​ជាដើម​។

តាមពិត ការសិក្សា​បានឲ្យដឹងថា ស្ត្រី​ស្ទើរតែ​ពាក់កណ្តាល​ហើយ​នឹង​មាន​អាការៈ​របស់​ជំងឺ​នេះ​យ៉ាងហោចណាស់ ៣​ខែ​មុន​កំណត់​រោគវិនិច្ឆ័យ​ដឹង​។ ប៉ុន្តែ រោគសញ្ញា​ទាំងនេះ​ច្រើន​តែ​គ្មាន​អ្វី​ច្បាស់លាស់​សោះ ហើយ​វា​កាន់តែ​មិន​មាន​លក្ខណៈ​ណាមួយ​ថា​ជាប់​ទាក់ទង​នឹង​បញ្ហា​រោគ​ស្ត្រី​ទៀត​។

ខាងក្រោម​នេះ​គឺជា​រោគសញ្ញា​ដំបូង​ដែល​ត្រូវបាន​ចាត់ទុក​ថា​មាន​ជាប់​ទាក់ទង​នឹង​ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ​៖

  • ​ឈឺ​ក្នុង​ពោះ ឬ​អាង​ត្រគាក​ជាប់​រហូត​
  • ​ការ​ហើមពោះ​ជាប់​រហូត​លើសពី​បី​សប្តាហ៍​
  • ​ស្រក​ទម្ងន់​ដោយ​មិន​ដឹង​មូលហេតុ​
  • ​មាន​អារម្មណ៍​ថា​ក្នុង​ពោះ​ឆ្អែត​ជាប់​ទោះបីជា​មិនទាន់​ញ៉ាំ​អី​ក៏​ដោយ​
  • ​នោម​ញឹក​ខុស​ពី​ធម្មតា
  • ​ទល់​លាមក ឬ​រាករូស​ជា​ញឹក​ញ៉ាប់​

​អា​ការៈសំខាន់ៗ​ផ្សេង​ទៀត​ដែល​គួរ​សង្កេត​ដែរនោះ​មានដូចជា​៖ អស់កម្លាំង​ខ្លាំង ឈឺចាប់​ក្នុងពេល​រួមភេទ ឈឺ​ចង្កេះ និង​មក​រដូវ​មិន​ទៀង​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិន​ជា​អ្នក​មាន​អាការៈ​ទាំងអស់នេះ​មែន មិនមែន​មានន័យថា អ្នក​មាន​ជំងឺ​មហារីក​ក្រពេញ​អូវ៉ែ​ឡើយ​។ ប៉ុន្តែ​យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ខាង​រោគ​ស្ត្រី​ឲ្យបាន​លឿន​បើសិនជា​មាន​អាការៈ​ដូចខាងក្រោម​នេះ​៖

  • ​ថ្មី​៖ អ្នក​ទើបតែ​សម្គាល់​អាការៈ​មួយ​ថ្មី​ដែល​មិន​ធ្លាប់​មាន​ពីមុនមក ឬ​មួយ​ឆ្នាំ​មុន​
  • ​ញឹកញាប់​៖ វា​កើត​ឡើង​ច្រើនជាង ១២​ថ្ងៃ​ក្នុង​មួយខែ​
  • ​ជាប់​រហូត​៖ កើតឡើង​មិន​បាត់​សោះ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ curejoy

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី23  កុម្ភៈ ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play