សុខភាពកុមារ

​ទឹកដោះ​ម្តាយ​ជួយ​បង្កើន​សុខភាព​ពោះវៀន​របស់​ទា​រក​

​តាម​ការសិក្សា​ថ្មី​មួយ​ដែល​ធ្វើឡើង​ដោយ​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ California បាន​រកឃើញថា ម្តាយ​ដែល​បំបៅ​ដោះ​កូន​គឺ​បាន​បញ្ជូន​ចំនួន​បាក់តេរី​ល្អៗ​តាមរយៈ​ទឹកដោះ​ទៅឲ្យ​ទារក​។ បាក់តេរី​នេះដែរ​ត្រូវបាន​គេ​ស្គាល់​ថា ជា​សារធាតុ​ដ៏​សំខាន់​ក្នុង​ការបង្កើន​ប្រព័ន្ធ​ការពារ​របស់​ពោះវៀន​ទារក​។ ក្នុង​រយៈពេល​មួយ​ខែ​ដំបូង​ក្រោយ​កើត ទារក​ទទួលបាន​បាក់តេរី​ក្នុង​ពោះវៀន​ពី​ទឹកដោះ​ម្តាយ ២៥​ភាគរយ និង​ស្បែក​នៅ​ជុំវិញ​ក្បាលដោះ​ប្រមាណ ១០​ភាគរយ​ទៀត​។ បាក់តេរី​របស់​ពោះវៀន​នឹង​ជួយ​គេ​ការពារ​រាងកាយ​ពី​ជំងឺ​ហឺត និង​អាឡែ​ហ្ស៊ី​។

​វេជ្ជបណ្ឌិត Grace Aldrovandi នៃ​សាកលវិទ្យាល័យ California Los Angeles’ Pediatrics Department និយាយថា “​ចាប់តាំងពី​សិក្សា​លើ​សត្វ​មក យើង​បានដឹង​ថា បាក់តេរី​ត្រូវបាន​ផលិត​ក្នុងដំណាក់កាល​ដំបូង និង​មាន​ប្រសិទ្ធភាព​យូរ​សម្រាប់​ពេលវេលា​ដ៏​សំខាន់​។ ហើយ​វា​ក៏​អាច​ផ្តល់​ផល​ល្អ​កាន់តែច្រើន និង​មាន​លក្ខណៈ​ខុសៗ​គ្នា​ដែរ​។ អស់​រយៈពេល​យូរ​មក​ហើយ​ដែល​យើង​បានដឹង​អំពី​អត្ថប្រយោជន៍​របស់​ទឹក​ម្តាយ​។ យើង​បាន​រកឃើញ​លាមក​របស់​ទារ​កមាន​បាក់តេរី​ដែល​ខុសគ្នា​ពី​បាក់តេរី​ដែលមាន​ក្នុង​ម្សៅ​ទឹកដោះគោ​។ ការសិក្សា​របស់​យើង​បានបញ្ជាក់​ថា សង្គម​បាក់តេរី​ដែល​មាន​ក្នុង​ទឹកដោះ​ម្តាយ​មាន​ប្រយោជន៍​ដល់​ការលូតលាស់​បាក់តេរី​ល្អ​ក្នុង​ពោះវៀន​ទារក​”​។

ការសិក្សា​នេះ​ក៏​បញ្ជាក់​ទៀត​ថា ការបំ​បៅដោះ​ម្តាយ​នឹង​ជួយ​ការពារ​ទារក​ពី​បញ្ហា​អាឡែ​ហ្ស៊ី ជំងឺ​នៅ​ផ្លូវដង្ហើម និង​ការបង្ក​រោគ​នៅ​ក្រពះ​ពោះវៀន បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​រ៉ាំរ៉ៃ ដូច​ជា​ជំងឺ​ទឹកនោម​ផ្អែម ធាត់​ជ្រុល និង​រលាក​ពោះវៀន​ជាដើម​។

ការ​បំបៅ​ដោះកូន​គឺជា​រឿង​ល្អ​បំផុត​សម្រាប់​ម្តាយ​និង​កូន​។ ម្តាយ​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​បំ​បៅដោះ​កូន​រហូតដល់ ៦​ខែ និង​បន្ត​រហូត​ដល់​គេ​អាយុ​បាន ១២​ខែ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ curejoy

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី06  កក្កដា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play